ធុំក្លិនចំឡែកៗ ប៉ោងៗ មូលៗ ស្នូលសុទ្ធតែខ្លាញ់ សាច់ចិញ្ច្រាំចូលគ្នាគួរអោយខ្ពើម គ្មានត្រង់ណាដែលខ្ញុំចូលចិត្តសោះ។ អាចថា ក្នុងចំនោមរបស់ញុំាទាំងអស់ ខ្ញុំស្អប់ជាងគេ គឺនំប៉ាវ។ សឹងតែស្អប់ ដល់អ្នកដែលទិញនំប៉ាវយកមកផ្ញើរទៀត។

វាប្រហែលជាមកពីខ្ញុំជាកូនអ្នកមាន ដើរស៊ីចាយហឺហារ ត្រូវធាតុតែហេមបឺហ្គឺរ និងភីហ្សា ដូច្នេះហើយ នំប៉ាវ កុំយកមក ដាក់ជិតខ្ញុំ។ ឆ្អាបណាស់។ តែព្រះអើយ! អ្វីៗពិតជាដូចពាក្យចាស់បុរាណនិយាយមែន។ គេថាស្អប់ជំពប់លើ។ ចាប់តាំងពីមានគ្រោះអាក្រក់ កើតឡើងចំពោះគ្រួសារខ្ញុំ ពោលគឺក្រោយពីការក្ស័យធុន របស់ក្រុមហ៊ុនប៉ាខ្ញុំមក ចំនូលក្នុងគ្រួសាររបស់ខ្ញុំហាក់ធ្លាក់ចុះ យ៉ាងខ្លាំង ស្ទើរតែមិនគួរអោយជឿ។ ខ្ញុំប្តូរពីការជិះឡាន ទៅជិះមូតូវិញ ដើម្បីសន្សំសំចៃប្រាក់ខ្លះ សំរាប់ការចំនាយផ្សេងៗ របស់គ្រួសារ។ តែយ៉ាងណា ប៉ារបស់ខ្ញុំ នៅតែអាចរកប្រាក់បានធម្មតា ហើយគាត់នៅមានសល់ ដីធ្លីជាច្រើនហិចតា ស្ទើរគ្រប់ទីកន្លែងក្នុងប្រទេស ដូច្នេះ គ្រួសារខ្ញុំក៏មិនមែនជាទីទ័លក្រអីនោះទេ។

ប៉ុន្តែអ្វី ដែលខ្ញុំហួសចិត្ត និងខឹងបំផុតនោះ គឺពួកយើង បែរជាត្រូវញុំានំប៉ាវ ស្ទើរតែរាល់ល្ងាច។ បើទោះជាម្ហូបអាហារ ពេលព្រឹកនិងពេលថ្ងៃ ឆ្ងាញ់យ៉ាងណា ក៏ជីវិតខ្ញុំនៅតែក្រៀមក្រោះ ត្បិតត្រូវញុំាម្ហូបដែលខ្ញុំស្អប់បំផុត ជាអាហារពេលល្ងាច។ អោយតែឃើញប៉ាកាន់ថង់នំប៉ាវពេលណា ខ្ញុំតែងដើរចូលបន្ទប់បាត់ ទាញទ្វារបិទខ្លាំងៗ ព្រោះខឹងនឹងគាត់ ដែលចូលចិត្តផ្ចាញ់ផ្ចាលខ្ញុំ ។

“បើដឹងថាកូន មិនចូលចិត្តហើយ នៅឆ្លៀតទិញនំប៉ាវទៀត”?

ពាក្យមួយឃ្លានេះ ខ្ញុំតែងស្រែកជារឿយៗ ចេញពីបន្ទប់។ ខ្ញុំដឹងថាវាមិនសមរម្យ តែទង្វើដែលប៉ាធ្វើ គឺរឹតតែមិនអាចទ្រាំបាន។ ខ្ញុំបានលះបង់ការចាយវាយជាច្រើន ដោយសារចង់សន្សំប្រាក៉ ទុកអោយគ្រួសារ តែគាត់បែរជាតែងតែទិញនំប៉ាវមកហូបរាល់ល្ងាច បើទោះជាដឹងថា ខ្ញុំស្អប់វាស្ទើរស្លាប់ក៏ដោយ។

លុះដល់ថ្ងៃមួយ … ជាថ្ងៃដែលខ្ញុំនិងប៉ាមានជំលោះជាមួយគ្នា យ៉ាងខ្លាំង… ខ្ញុំនៅចាំពាក្យគ្រប់ម៉ាត់ នាល្ងាចនោះ:

“នំប៉ាវទៀតហើយ ! ប៉ាកុំធ្វើបាបខ្ញុំពេក។ ក្រែងប៉ាដឹងហើយតើ ថាខ្ញុំស្អប់វាប៉ុណ្ណា? ហើយបើញុំាត្រឹមពីរបីថ្ងៃ ខ្ញុំក៏មិនថាអីដែរ ! តែនេះសឹងតែរាល់ល្ងាចទៅហើយ ! ជិតមួយខែហើយណាប៉ា ! ឆ្កែក៏វាមិនស៊ីចូលដែរ” ! (ខ្ញុំស្រែកអោយប៉ាយ៉ាងខ្លាំង)

បើទោះជាម៉ាក់ឃាត់ខ្ញុំប៉ុណ្ណា ក៏ខ្ញុំនៅតែមិនស្តាប់ ហើយនៅតែរអ៊ូង៉ូវៗ នៅក្បែរប៉ា ព្រោះខ្ញុំមិនអាចអត់ទ្រាំ និងនំប៉ាវទាំងនោះបានទៀត។ រហូតដល់ប៉ាមិនអាចអត់ធ្មត់បាន រួចគប់នំប៉ាវមកត្រូវក្បាលខ្ញុំ បែកធ្លាយសាច់ជ្រូកចិញ្ច្រាំ ដែលខ្ញុំស្អាប់ ប្រឡាក់ពេញមុខ។ កំហឹងខ្ញុំស្ទើរស្មើនឹងភ្លើងកំរិត ១ពាន់អង្សា ព្រោះតាំងពីកើតមក នេះជាលើកទីមួយ ដែលមានគេធ្វើបែបនេះចំពោះខ្ញុំ ។

ខ្ញុំស្រែកដូចមនុស្សឆ្គួត រួចស្រែកអោយប៉ាម្តងទៀត យ៉ាងគំរោះគំរើយ តាមរបៀបក្មេង គ្មានការអប់រំ

“បានហើយប៉ា ! ខ្ញុំខកចិត្តណាស់ ដែលមានឪពុកជាមនុស្សគំរិះ ដូចប៉ា។ តើប៉ារកប្រាក់មកទៀត មានតំលៃអី បើរស់នៅដោយគ្មានសុភមង្គលបែបនេះ? ប៉ាយកចុះ ! ប្រាក់ដែលសន្សំនោះ ! ខ្ញុំមិនយកពីប៉ាមួយរៀលទេ។ បើអត់ពីប៉ាទៅ ក៏ខ្ញុំអាចចិញ្ចឹមខ្លួនរស់ដែរ។ ខ្ញុំមានចំណេះ ហើយទ្រព្យទាំងប៉ុន្មានរបស់ប៉ា កុំភ្លេចកប់ទៅជាមួយផង”។

និយាយទាំងទឹកភ្នែកសស្រាក់ រួចរត់ទៅក្នុងបន្ទប់ទាំងពេញដោយកំហឹង ដូចមនុស្សសសៃប្រសាទ។ ទៅដល់ក្នុងបន្ទប់ មួយសន្ទុះ កំហឹងខ្ញុំក៏អន់ថយវិញ។ ហើយមានអារម្មណ៏ថា ខ្លួនឯងខុស ដែលប្រើពាក្យបែបនេះទៅកាន់អ្នកមានគុណ តែស្នាមសាច់ជ្រូកនៅលើថ្ងាសខ្ញុំ ពិតជាបង្អាក់ មិនអោយខ្ញុំទៅសុំទោសប៉ាទេ។ ខ្ញុំសុខចិត្តដេកទាំងពោះទទេរ ហើយគិតថាធ្វើបែបនេះ ប្រហែលជាអាច អោយគាត់ភ្ញាក់ខ្លួនខ្លះ។

ប៉ុន្តែស្រាប់តែពីរបីម៉ោងក្រោយមក ម្តាយខ្ញុំក៏គោះទ្វារហៅខ្ញុំ !

“តុក តុក តុកៗៗៗ …អាក្អូនហា ! ម៉ាក់ណា ! បើកទ្វារអោយម៉ាក់តិច!”

ខ្ញុំដើរមួយៗ បើកទ្វាក្រក រួចនិយាយ

“មានការអីម៉ាក់? ចាំស្អែកចាំនិយាយទៅ។ ខ្ញុំងងុយគេងហើយ។”

“នេ អត់ទេ ! ឯងធ្វើអោយប៉ាឯងខឹងណាស់ រហូតដើរមិនទាន់ចូលផ្ទះទៀត”។ (ម៉ាករករឿងខ្ញុំ)

“មកពីគាត់ទេ ! តែឥលូវទើបតែម៉ោង៨ហ្នឹងម៉ាក់ ! ម៉ាក់ឯង បារម្ភអីម៉េស គាត់មិនមែនក្មេងទេ” ។

“យីអាកូននេះ ! ឯងហ្នឹងយ៉ាប់ណាស់ ពិតជាមិនដឹងថាប៉ាឯងខំប្រឹងប៉ុណ្ណាទេ តែបែរជានិយាយស្តី មិនគប្បី ដាក់គាត់ទៅវិញ។ គ្រាន់តែឯងដើរចូលបន្ទប់ភ្លាម ! គាត់មិនពិសារបាយ ហើយជិះមូតូចេញទៅក្រៅបាត់។ ថ្មើរនេះទៅហើយ នៅមិនទាន់ឃើញមកវិញទៀត។ តោះទៅតាមរកប៉ាឯងពីរនាក់ម៉ាក់”។

គ្រាន់តែលឺភ្លាម ខ្ញុំរឹតតែខឹងនឹងប៉ា ព្រោះគាត់នៅមិនភ្ញាក់រលឹក តែបែរជាទៅដើរចោលផ្ទះទៀត។ ប៉ុន្តែដោយសារខ្ញុំអាណិតម៉ាក់ ទើបខ្ញុំសំរេចទៅជាមួយម៉ាក់ ដើម្បីតាមប៉ាមកផ្ទះវិញ។ រៀបនឹងចេញពីផ្ទះទៅហើយ ទូរសព្ទ័ម៉ាក់ខ្ញុំ ក៏រោទិ៏ឡើង….។
[…] “អាឡូ អាឡូ ម៉ែអាក្អូនមែនហ្នឹង?”
(សំលេងមនុស្សស្រីម្នាក់បន្លឺឡើង)

“ចាស ៗ ជំរាបសួរ ! អ្នកណាគេហ្នឹង?” (ម្តាយខ្ញុំតប)

“នេះចែឡាង ហាស !!” (គាត់គឺមីងឡាង ដែលជាម្ចាស់ហាងគុយទាវ និងជាមិត្តភក្តិម្តាយខ្ញុំ)

“អូចែឡាង។ ចែមានការអីទាំងយប់ចឹងចែ?”
(ម្តាយខ្ញុំសួរទាំងចម្ងល់)

“ហឹម បងមិនដឹងប្រាប់អូនថាម៉េចទេ ! ហមមម ប្តី ប្តី ហឹមម ប្តីអូនឯង ជួបគ្រោះថ្នាក់ចរាចរណ៏ប្រហែល មួយម៉ោងមុននេះឯង។ បងប្រឹងចុចទៅលេខអាក្អូនដែរ តែចុចអត់ចូលសោះ”។

“ចែ…ចែ..ថាម៉េច ??? ហើយគាត់យ៉ាងម៉េចទៅហើយចែ ? អាលូវគាត់ម៉េចទៅហើយ? ចែជូយប្តីខ្ញុំផងចែ ជួយគាត់ផងចែ”! (ម្តាយខ្ញុំនិយាយទាំងភ្លាត់សំលេង)

“គាត់មិនធ្ងន់ធ្ងរប៉ុន្មានទេ គ្រាន់តែសន្លប់ប៉ុណ្ណោះ ហើយកំពុងសំរាកនៅមន្ទីរពេទ្យឯកបង្អែក”។ (ចែឡាងបញ្ជាក់)

ខ្ញុំពិតជាភ្ញាក់ផ្អើលណាស់ ពេលលឺដំណឹងដ៏អកុសលនេះ។ ប៉ុន្តែអ្វី ដែលខ្ញុំមិននឹកស្មាននោះ គឺប៉ាត្រូវឡានបុក ដោយសារជិះម៉ូតូឆ្លងផ្លូវ បន្ទាប់ពីទិញគុយទាវអោយខ្ញុំ (នេះបើតាមអ្វីដែលចែឡាងនិយាយ)។
ខ្ញុំពិតជា សោកស្តាយយ៉ាងខ្លាំង ចំពោះរឿងពីល្ងាច។ បើទោះជាគាត់កំណាញ់បន្តិច តែប៉ានៅតែគិតគូរដល់ខ្ញុំ។ នៅពេលទៅដល់មន្ទីរពេទ្យ ខ្ញុំក៏អោយម៉ាក់ចូលទៅមើលប៉ាមុន ព្រោះខ្ញុំចង់ទៅទិញផ្លែឈើខ្លះអោយប៉ាពិសារ ដើម្បីជាថ្នូរនៅការធ្វើខុសដ៏ធ្ងន់របស់ខ្ញុំ។

ប៉ុន្តែពេលដើរមកដល់មុខបន្ទប់មន្ទីរពេទ្យ ខ្ញុំក៏បានស្តាប់លឺការសន្ទនារបស់ម៉ាក់ និងលោកគ្រូពេទ្យ អំពីរឿងមួយចំនួនដែលខ្ញុំមិនបានដឹង។ អារម្មណ៏ខ្ញុំតក់ស្លុតយ៉ាងខ្លាំង ពេលលឺថាប៉ាមានជំងឺបេះដូងប្រហោង កំរិតធ្ងន់ធ្ងរ ដែលនឹងត្រូវស្លាប់ ក្នុងពេលដ៏ខ្លីខាងមុខនេះ។

ទឹកភ្នែកខ្ញុំស្រក់តក់ៗ លាយឡំដោយស្មារតីវង្វេងវង្វាន់ ព្រោះខ្ញុំគិតថា មិនយូរទេ ខ្ញុំនឹងបាត់បង់ប៉ា។ ផ្លែឈើដែលនៅក្នុងដៃខ្ញុំ ធ្លាក់ជ្រុះរមៀលពេញមុខបន្ទប់ ធ្វើអោយម៉ាក់ និងលោកគ្រូពេទ្យចេញមក មើលទាំងអារម្មណ៏ក្តុកក្តួល។ ម៉ាក់រត់មកអោបខ្ញុំ យ៉ាងណែន ហើយក៏សម្រេចចិត្តនិយាយរឿង អាថ៌កំបាំងទាំងប៉ុន្មាន ដែលប៉ាម៉ាក់ បានលាក់មិនអោយខ្ញុំដឹង ស្ទើរជិតមួយខែទៅហើយ។

ក្រៅពីសភាពជំងឺធ្ងន់ធ្ងររបស់ប៉ា នៅមានរឿងជាច្រើនទៀត ដែលខ្ញុំមិនបានដឹង។ តាមការពិត ប៉ាខ្ញុំត្រូវបងប្អូនធម៌របស់គាត់ បោកប្រាស់អស់ ប្រាក់គ្មានសល់ ! កុំថាឡើយក្រុមហ៊ុន និងទ្រព្យសម្បតិ្តនានា ប៉ុន្តែសូម្បីតែដីធ្លីជាច្រើនហិចតា ក៏ត្រូវលក់ខ្ទេចខ្ទីអស់គ្មានសល យកទៅសងបំណុលគេអស់ ហើយនៅជំពាក់ប្រាក់គេជាច្រើនពាន់ដុល្លារទៀត។

អ្វីដែលធ្វើអោយខ្ញុំក្តុកក្តួល ហូរស្រក់ទឹកភ្នែក ដូចតំនក់ភ្លៀងនោះ គឺនំប៉ាវដែលប៉ាយកមកហូបរាល់ល្ងាចនោះ គឺជានំប៉ាវដែលប៉ាស៊ីឈ្នួល ធ្វើលក់អោយគេ ដូច្នេះហើយ គឺគាត់អាចយកនំប៉ាវដែលនៅសល់ ដោយមិនចាំបាច់ចំនាយប្រាក់ទិញ។ ហើយការដែលគាត់ យកនំប៉ាវមកហូបរាល់ល្ងាចនេះ គឺព្រោះតែគាត់ ត្រូវសន្សំប្រាក់អោយគ្រប់ចំនួន សងទៅគេតាមការកំណត់ និងទាន់ពេលដែលគាត់ អាចនៅរកប្រាក់បាន ព្រោះគាត់ក៏ដឹងខ្លួនដែរថា មិនយូរទេសគាត់នឹងត្រូវស្លាប់ ដោយសារអាការ:ជំងឺរបស់គាត់។ គាត់គ្រាន់តែមិនចង់អោយខ្ញុំ រ៉ាប់រងនូវការសងបំណុលបន្ត ត្បិតគាត់បារម្ភខ្លាចខ្ញុំ មិនអាចរ៉ាប់រងដោយខ្លួនឯងបាន។

និយាយចប់ ប៉ាក៏កំរើកដឹងខ្លួនឡើងបន្តិច តែហាក់នៅមានសភាពរវើរវាយ ដោយសារជំងឺបេះដូងរបស់គាត់ ធ្វើទុក្ខបុកម្នេញ។ ខ្ញុំរត់ទៅរកប៉ា ចាប់ដៃគាត់យ៉ាងណែន។ ត្បិតគាត់ឈឺយ៉ាងណា ប៉ុន្តែដៃគាត់នៅតែមានភាពកក់ក្តៅ។ ប៉ាបើកភ្នែកព្រឹមៗ រួចនិយាយតិចៗមកកាន់ខ្ញុំថា “ប៉ា…សុំទោស” រួចហើយ គាត់ក៏សំរាន្តទៅវិញ ហាក់ដូចជាមិនទាន់ មានស្មារតីវឹងមាំឡើងវិញ។ យ៉ាងណា ពាក្យមួយឃ្លាដែលប៉ានិយាយមកកាន់ខ្ញុំនោះ ប្រៀបដូចជាព្រួញ បាញ់ទម្លុះបេះដូងខ្ញុំ ត្បិតខ្ញុំដឹងកាន់តែច្បាស់ថា ខ្លួនឯងគឺជាកូនដ៏អកត្តញ្ញូម្នាក់ ដែលមិនគួរមានឪពុក ដ៏ល្អម្នាក់ ដូចជាប៉ាខ្ញុំទេ។

…. នោះជារឿងហេតុពីអតីតកាល ដែលខ្ញុំគ្មានថ្ងៃនឹងបំភ្លេចបាន។ វាជាវិប្បដិសារីមួយដ៏ធំធេង សំរាប់ខ្ញុំក្នុងជីវិតនេះ។ បើគិតទៅ អ្វីៗកន្លងហួសយ៉ាងរហ័ស ! មួយប៉ព្រិចភ្នែកសោះ មួយខែបានកន្លងផុតទៅហើយ។ ខ្ញុំបើកភ្នែក ក្រឡេកមើលពិភពលោកដ៏ស្រស់ស្អាត ស្ថិតក្នុងទីធ្លា ស្រូបយកខ្យល់អាកាសរបស់មន្ទីរពេទ្យទំនើបមួយ នៅជាយក្រុង។ ខ្ញុំអោយម៉ាក់រុញរទេះអោយលឿនបន្តិច ព្រោះខ្ញុំអន្ទះសារចង់ឃើញមុខរបស់ប៉ា។

នោះគឺប៉ា ! គាត់នៅមិនទាន់ដឹងខ្លួននៅឡើយទេ ហើយកំពុងសំរាកនៅលើគ្រែ។ ប៉ុន្តែទឹកមុខគាត់ ហាក់ស្រស់ស្រាយជាងមុខ។ មិនយូរទេ ប៉ាច្បាស់ជាមានសុខភាពល្អឡើងវិញ។ វាសមល្មម ជាពេលសំរាប់រូបកាយខ្ញុំ ចាកចេញពីប៉ានិងម៉ាក់ដូចគ្នា។ ខ្ញុំទាញដៃម៉ាក់ យកមកដាក់លើទ្រូងខ្ញុំ ហើយផ្តាំគាត់ អោយមើលថែបេះដូងកូនម្នាក់នេះ អោយបានល្អ។ បើទោះជារូបកាយខ្ញុំបាត់បង់ទៅ តែបេះដូងខ្ញុំនឹងនៅជាមួយប៉ា និងម៉ាក់រហូត ព្រោះពេលនេះ ខ្ញុំបានបរិច្ចាកបេះដូង អោយទៅប៉ា ដោយសំរេចដាក់បេះដូងដែកសិប្បនិម្មិត ជំនួសវិញ ក្នុងពេលមួយដ៏ខ្លីមួយរយ:។ ម៉ាក់និយាយអ្វីមិនចេញ ក្រៅពីស្រែកទ្រហោរយំ អោបខ្ញុំយ៉ាងកក់ក្តៅ។ បន្ទាប់មក គាត់ក៏ប្រញាប់អូសខ្ញុំទៅសំរាកក្នុងបន្ទប់វិញរួចនិយាយ

“កូនឯងសំរាកសិនទៅ ! ចាំម៉ាក់ទៅទីញ អីឆ្ងាញ់ៗ យកមកអោយញុំា។ ហើយកូនឯងចង់ញុំាអីដែរ? ភីហ្សា ? បឺហ្គឺរ ? អីក៏បានដែរ អោយតែកូនចង់ញុំា។”

ខ្ញុំនិយាយតបមួយៗ ទាំងអួលដើមក និងក្តុកក្តួលក្នុងចិត្តថា:

“អ្វីក៏ដោយ ! អោយតែម៉ាក់និងប៉ាផ្តល់អោយកូន កូនពិតជាពេញចិត្តណាស់។ តែបើអាច … តើម៉ាក់អាចទិញនំប៉ាវអោយកូនបានទេ? កូនចង់ញុំាវាខ្លាំងណាស់” !!!

… គ្មានអ្នកណាដឹងទេ ថាខ្ញុំមានវិប្បដិសារីប៉ុណ្ណា។ ប៉ុន្តែខ្ញុំហាក់ធូរស្បើយច្រើន ក្រោយពីអាចប្តូរបេះដូងទៅអោយប៉ា បានដោយជោគជ័យ។ គ្រប់គ្នាមិនដឹងទេ ថាពេលនេះខ្ញុំកំពុងដង្ហក់ ឈឺអួលចុកត្រង់មុខរបួស ស្ទើរបាត់ស្មារតីម្តងៗ។ ម៉ាក់កំពុងតែសំរាន្ត កំដរប៉ា ក្នុងបន្ទប់មួយនៃផ្នែកវគ្គកាត់។ ឯអ្នកគ្រូពេទ្យ ដែលនៅចាំមើលការខុសត្រូវខ្ញុំ ក៏សំរាន្តលក់ដែរ។ សល់តែខ្ញុំម្នាក់ឯង អង្គុយញុំានំប៉ាវបណ្តើរ និងសរសេរកំណត់ហេតុនេះបណ្តើរ។

ខ្ញុំមិនដឹងថាអាចរស់បានយូរប៉ុណ្ណាទេ យប់នេះ យប់ស្អែក ខែក្រោយ រឺក៏ឆ្នាំក្រោយ? សូម្បីតែគ្រូពេទ្យ ក៏មិនអាចសន្និដ្ឋានបានដែរ។ ប៉ុន្តែយ៉ាងណា ខ្ញុំសង្ឃឹមថា ខ្ញុំអាចនឹងទ្រាំបានដល់ថ្ងៃ ដែលប៉ាដឹងខ្លួនឡើងវិញ ដើម្បីសុំទោសគាត់ដោយផ្ទាល់មាត់។ ហើយខ្ញុំចង់ដើរលំហែកាយជាមួយប៉ាម៉ាក់ និងហូបនំប៉ាវដោយរីករាយជុំគ្នា មុនពេលខ្ញុំត្រូវចាកចេញពីពួកគាត់។

ជីវិតខ្ញុំមិនខុសពីនំប៉ាវទេ។ សំលឹងពីក្រៅសស្អាត ប៉ុន្តែខាងក្នុង ពោរពេញដោយសាច់ចិញ្ច្រាំច្របល់ចូលគ្នា មានគ្រប់រសជាតិ មើលមិនយល់។ ត្បិតរសជាតិនំប៉ាវមិនប្រែប្រួល តែយប់នេះ ខ្ញុំមានអារម្មណ៏ថា នំប៉ាវដែលខ្ញុំកំពុងញុំា គឺពិតជាឆ្ងាញ់ខ្លាំងណាស់ … ខ្ញុំនឹងញុំានំប៉ាវយប់នេះ អោយបានឆ្អែត ព្រោះមិនដឹងថា តើសល់ពេលយូរប៉ុណ្ណាឡើយ ដែលខ្ញុំអាចញុំានំប៉ាវទាំងនេះទៀត …. អរគុណនំប៉ាវ ស្នូលសាច់ …

ប្រភព៖ Sandra Romdoul