៚ពេលខ្ញុំឈានជើងចូលមកដល់ក្នុងផ្ទះ ខ្ញុំចម្លែកចិត្តយ៉ាងខ្លាំង ព្រោះអីម្នាក់ៗក្នុងផ្ទះ មិនចាប់អារម្មណ៍នឹងខ្ញុំសោះ។ គ្មាននរណាសួរនាំខ្ញុំទេថា តើខ្ញុំទើបមកពីណា? ហេតុអីថ្មើរនេះ ទើបមកដល់? ឬក៏នាំគ្នានិយាយលេង ដូចសព្វមួយដងក៏ទេដែរ។ វារឹតតែធ្វើឲ្យខ្ញុំប្លែកចិត្តជាងនេះទៅទៀត គឺនៅពេលដែលខ្ញុំនិយាយទៅកាន់លោកប៉ា ក៏លោកប៉ាមិនតប និយាយទៅកាន់អ្នកម៉ាក់ ក៏អ្នកម៉ាក់មិនឆ្លើយ ឯប្អូនស្រីបងស្រីក៏មិនរវល់ជាមួយ…។ ខ្ញុំឆ្ងល់ណាស់! តើពួកគេកើតអីហ្ន៎? ឬមួយពួកគេខឹងនឹងខ្ញុំទេដឹង?…គិតមកដល់ត្រឹមនេះ ស្រាប់តែសំឡេងទូរស័ព្ទ ក្នុងបន្ទប់ទទួលភ្ញៀវក៏រោទិ៍ឡើង គ្រឺង!…គ្រឺង!…។ បុស្សបា ប្អូនស្រីខ្ញុំក៏រត់ទៅទទួល ។ មើលចុះ! នាងមិនខ្ចីយកភ្នែកមើលខ្ញុំបន្តិចសោះ ទោះបីជានាងរត់ស្ទើរតែបុកខ្ញុំទៅហើយក្តី ។ ភ្លាមនោះស្រាប់តែបុស្សបាស្រែកយំហ៊ូ ហើយទម្លាក់ទូរស័ព្ទចោលលើតុយ៉ាងខ្លាំង ។

ខ្ញុំប្រញាប់ស្រែកសួរនាង ៖
«បុស្សបា! មានរឿងអីកើតឡើង???»
មិនដឹងថាមានដំណឹងទុក្ខសោក ឬដំណឹងអាសន្នធ្ងន់ធ្ងរយ៉ាងណានោះទេ ទើបប្អូនស្រីខ្ញុំរន្ធត់ចិត្តដល់ថ្នាក់នេះ។ តែខ្ញុំក៏នៅតែមិនបានទទួល ចម្លើយតបពីនាងដដែល។ ទន្ទឹមនឹងនោះ ប៉ាម៉ាក់និងបងស្រីមធុរា ក៏ប្រញាប់រត់មកសួរ ទាំងទឹកមុខភិតភ័យ ៖
«បុស្សបាមានរឿងអី? អ្នកណាទូរស័ព្ទមក?»
បុស្សបាយំផងស្រែកផង ប្រាប់គ្រប់គ្នាថា៖

«ខាងមន្ទីរពេទ្យទូរស័ព្ទមកប្រាប់ថា បងវិបុលស្លាប់ហើយ!… ពួកគេកំពុងរៀបចំដឹកសាកសពគាត់ មកប្រគល់ឲ្យយើង… ហើយឲ្យពួកយើងរៀបចំប្រដាប់ប្រដារ និងទីកន្លែងត្រៀមទុកឲ្យហើយ។» ខណៈដែលឮដូច្នោះ គ្រប់គ្នាក៏យំអណ្តឺតអណ្តក ដូចមេឃដីនឹងត្រូវក្រឡាប់ចាក់។ ឯខ្ញុំខ្លួនឯងស្ទើរតែផ្ទុះសំណើចទៅហើយ នរណាហ្ន៎… មកលេងសើចដូច្នេះ? ឃើញអ្នកទាំងអស់គ្នា យំស្ទើរស្លាប់ស្ទើររស់យ៉ាងនេះ ខ្ញុំក៏ព្យាយាមពន្យល់ប្រាប់គ្រប់ៗគ្នា៖
«ខ្ញុំនៅទីនេះ!! ឈរនៅកន្លែងនេះ ខ្ញុំនៅមិនទាន់ស្លាប់ទៅណាទេ… ខ្ញុំនៅរស់ឲ្យជ្រងោៗ តើ! ម៉េចមិនមើល!??»
តែទោះជាខ្ញុំខំស្រែកប្រាប់យ៉ាងណា ក៏នៅតែគ្មាននរណាម្នាក់ រវីវវល់នឹងខ្ញុំដូច ដើម។ ខ្ញុំគ្មានផ្លូវនឹងធ្វើអ្វីផ្សេងទៀត ដើម្បីឲ្យពួកគេងាកមកចាប់អារម្មណ៍នឹងខ្ញុំឡើយ។ ទាល់តម្រិះ ខ្ញុំក៏ទៅអង្គុយទម្រេតខ្លួននៅលើសាឡុងទទួលភ្ញៀវ ជិតកន្លែងដែលពួកគេកំពុងអង្គុយយំ។ ប៉ាក្រោកឡើងទៅទូរស័ព្ទប្រាប់បងប្អូន ម៉ាក់ក្រោកទៅប្រាប់អ្នកជិត ខាង។ មិនយូរប៉ុន្មាន មនុស្សក៏ចាប់ផ្តើមមកពេញផ្ទះ ហើយបែងចែកគ្នាជួយធ្វើការរៀងៗខ្លួន។ ក្រុមខ្លះមូលគ្នាថា នឹងទៅទិញម្ហូបអាហារនំចំណីមកបម្រុងទុក ក្រុមខ្លះទៀតថា នឹងទៅទិញក្តារមឈូស ។

ព្រមជាមួយគ្នានោះ ខ្ញុំក៏បានឮសំឡេងឡានពេទ្យមកដល់ជិតៗផ្ទះ រហូតមកឈប់ង៉ក់នៅខាងមុខផ្ទះតែម្តង ។ ខ្ញុំក៏ប្រញាប់ដើរចេញទៅអើតមើល ឃើញក្រុមគ្រូពេទ្យសែងគ្រែចេញពីក្នុងឡាន ដែលមានកំណាត់សគ្របពីលើរបស់អ្វីម្យ៉ាង ។ ប៉ាម៉ាក់ បងប្អូន និងញាតិមិត្តទាំងអស់នាំគ្នាស្រែកយំ សង្វេគចិត្តអាណិតស្រណោះ ដល់របស់នោះយ៉ាង ខ្លាំង។ លោកប៉ាដើរមកបើកកំណាត់សនោះចេញ។ ភ្លាមនោះស្រាប់តែខ្ញុំស្លុតចិត្តរន្ធត់ ភ័យភ្ញាក់យ៉ាងខ្លាំង!!! ព្រោះអ្វីដែលខ្ញុំបានឃើញ គឺជារូបកាយខ្លួនឯងកំពុងដេកស្តូកស្តឹង ក្នុងសភាពដែលខ្ញុំមិនអាចទទួលយកបាន។ ជើងខាងស្តាំបាក់ខ្ទេច ចំណែកខាងឆ្វេងនិងដៃទាំងពីរ ពេញទៅដោយរបួសសុសសាច់ ។ នៅពេលខ្ញុំឃើញខ្លួនឯងស្ថិតក្នុងសភាពបែបនេះ ខ្ញុំស្ទើរតែខ្យល់ចាប់ដួលទៅហើយ។ តែរូបភាពដែលខ្ញុំបានឃើញនៅចំពោះមុខនេះ រឹតតែធ្វើឲ្យខ្ញុំត្រូវប្រញាប់ប្រញាល់ រត់ឆ្លេឆ្លាចុះឡើង ប្រាប់អ្នកនេះផង ប្រាប់អ្នកនោះផង ថាខ្ញុំមិនទាន់ស្លាប់ទេ! ខ្ញុំមិនទាន់ស្លាប់ទេ!!… តែទោះបីជាខ្ញុំខំព្យាយាមស្រែកប្រាប់នរណា ខ្លាំងយ៉ាងណាក៏ដោយ ក៏គ្មានប្រយោជន៍អ្វីទាំងអស់ ព្រោះគ្មាននរណាម្នាក់បានឮសំឡេងរបស់ខ្ញុំឡើយ ។

នៅពេលពួកគេយកសម្បកកាយ ដែលគ្មានវិញ្ញាណរបស់ខ្ញុំ ចូលទៅក្នុងផ្ទះដើម្បីចាក់ថ្នាំហ្វ័រម៉ុលការពារសាកសពកុំឲ្យស្អុយ ខ្ញុំក៏ព្យាយាមចូលទៅហាមឃាត់និងរារាំងផ្លូវពួកគេ។ តែទន្ទឹមនឹងគេយករូបកាយរបស់ខ្ញុំចូលមក ហើយដាក់ចុះស្រាប់តែពួកគេទាំងនោះ ដើរឆ្លងកាត់ខ្លួនខ្ញុំហើយចេញទៅម្ខាងទៀត បានយ៉ាងស្រួល ដោយគ្មានបុកទង្គិចគ្នាបន្តិចសោះ ។ មិនគួរឲ្យជឿទេ… មិនគួរឲ្យជឿសោះ… រឿងរ៉ាវបែបនេះ ខ្ញុំធ្លាប់ជួបតែក្នុងរឿងនិទាន រឿងប្រលោមលោក ឬក្នុងភាពយន្តអាថ៌កំបាំងនានា ដែលគេបង្កើតឡើងដើម្បីតែកែអផ្សុក និងបោកបន្លាចកុហកកូនក្មេងប៉ុណ្ណោះ។ តែពេលនេះ… ពេលនេះវាបានកើតឡើងក្នុងជីវិតពិតរបស់ខ្ញុំ… តើគួរជឿទេ? ទីបំផុតខ្ញុំក៏ត្រូវទោមនស្សសោកស្តាយយ៉ាងពន់ពេក នៅពេលដឹងថា ខ្លួនឯងបានស្លាប់ទៅហើយ ហើយក៏គ្មានឱកាសនឹងត្រលប់ក្រោយបានដែរ… សាកសពរបស់ខ្ញុំត្រូវគេតម្កល់ទុក នៅក្នុងក្តារមឈូសយ៉ាងរៀបរយ ។

ខ្ញុំធ្វើអ្វីក៏មិនបានដែរនៅពេលនេះ ខ្ញុំបានត្រឹមតែក្រឡេកមើលទៅមនុស្សក្នុងគ្រួសារ និងញាតិមិត្តបងប្អូនទាំងឡាយ ដែលកំពុងនាំគ្នាខ្សឹកខ្សួលទួញសោក ស្តាយស្រណោះនូវអ្វីៗដែលបានកើតឡើង មិនខុសអ្វីពីខ្ញុំដែលត្រូវសោកស្តាយយ៉ាងខ្លាំង ព្រោះអនាគតគ្រប់យ៉ាង ដែលកំពុងតែស្រស់ថ្លាក្នុងជីវិតយុវវ័យ ក៏ត្រូវបញ្ចប់អស់ក្នុងរយៈពេលត្រឹមតែមួយប៉ព្រិចភ្នែក។ សំឡេងយំខ្សឹកខ្សួលយ៉ាងអណ្តឺតអណ្តកមួយ បានរសាត់ចូលមកលាន់ឮក្នុងត្រចៀកខ្ញុំ ធ្វើឲ្យខ្ញុំត្រូវដើរទៅរកម្ចាស់សំឡេងនោះ។ មែនហើយ នោះគឺជាសំឡេងរបស់មាលតី នារីដ៏ស្រស់សោភាតែម្នាក់គត់ ដែលខ្ញុំស្រឡាញ់អស់ពីបេះដូង។ នាងយំខ្សឹកខ្សួលដោយសេចក្តីវិប្បយោគ ចំពោះការបាត់បង់រូបខ្ញុំ ព្រោះការបាត់បង់លើកនេះគឺជាការឃ្លាតឆ្ងាយ ដែលពុំមានថ្ងៃវិលត្រលប់មកវិញបាន។ ខ្ញុំបានត្រឹមតែអង្គុយលួងលោមចិត្តនាងនៅក្បែរៗនោះប៉ុណ្ណោះ តែនាងក៏គង់មិនដឹង ឬមើលឃើញខ្ញុំដូចតែមនុស្សដទៃទៀតដែរ។ ខ្ញុំគិតតែពីដើរទៅដើរមក មើលញាតិមិត្តបងប្អូន និងអ្នកជិតខាងដែលនាំគ្នាមកអង្គុយលេងបៀ និងជជែកគ្នាលេង ដើម្បីកំដររាងកាយដែលមានតែសម្បកខ្លួន តែគ្មានវិញ្ញាណនិងចេតនា។ ក្នុងរយៈពេលដែលព្រលឹងខ្ញុំកំពុងអណ្តែតវិលវល់នោះ ចៃដន្យក៏បានឮមិត្តភក្តិក្នុងក្រុមខ្លះ ជជែកគ្នាអំពីរឿងផឹកស៊ីស្រីញីអូនបង… នឹកដល់រឿងនេះ វាធ្វើឲ្យខ្ញុំភាន់ភាំងមួយភ្លែត ហើយចាប់ផ្តើមគិតទៅដល់ ពេលដែលខ្ញុំនៅមានជីវិតនៅឡើយ គឺរឿងរបស់ថ្ងៃម្សិលមិញនេះឯង។

ខ្ញុំកំពុងអង្គុយសំណេះសំណាលជាមួយមិត្តភក្តិ៤,៥នាក់ ក្នុងហាងផឹកស៊ីមួយដែលចម្រុះទៅដោយសេវាកម្មគ្រប់បែប មិនថាជាចំនីអាហារ គ្រឿងក្លែមស្រាបៀរ ឬបើត្រូវការនារីលក់ស្រាបៀរ មកអង្គុយកំដររួមតុជាមួយ ក៏មានបម្រើតាមសេចក្តីត្រូវការ។ សេវាកម្មចុងក្រោយនេះហើយ ដែលធ្វើឲ្យពួកយើងម្នាក់ៗពេញចិត្តពេញថ្លើមបំផុតនោះ ព្រោះក្រមុំៗទាំងនោះស្អាតៗ ស៊ិចស៊ីដូចបុប្ផាសួគ៌។ ពួកនាងតែងតែមកអង្គុយបញ្ចុកគ្រឿងក្លែម បញ្ចុកស្រាបៀរជូនពួកយើងជានិច្ច ដោយមិនធ្វើឲ្យពួកយើងឃ្នើសចិត្តបន្តិចឡើយ ហើយនៅទីបំផុតពួកយើងទាំង៦នាក់ក៏ស្រវឹងជោគខ្លួន ព្រោះឬទ្ធិតេជៈរបស់ទឹកភ្នែកអសុរកាយ។ ពួកយើងក៏បំបែកគ្នា ត្រលប់ទៅផ្ទះវិញរៀងៗខ្លួន ក្នុងខណៈដែលម្នាក់ៗ នៅស្រវឹងឡើងទោរខ្លួននៅឡើយ។ ចំពោះខ្ញុំខ្លួនឯងក៏ជិះម៉ូតូម៉ូតថ្មីសេរីទាន់សម័យ ត្រលប់មកផ្ទះវិញ តាមផ្លូវជាតិលេខ៤។ យប់នេះខ្ញុំសង្កេតឃើញថា មិនសូវមានយានយន្តធ្វើចរាចរណ៍ប៉ុន្មានទេ ខ្ញុំក៏ចាប់ផ្តើមមួលហ្គែរឡើងបន្ថែមទៀត ពី៦០ឡើងដល់១០០។ តែជិះមិនបានប៉ុន្មានផង ពេលដល់ផ្លូវកោងខាងមុខ ម៉ូតូរបស់ខ្ញុំបែរជាមិនបានទៅតាមផ្លូវទៅវិញ ព្រោះល្បឿនលឿនពេកនិងគ្រប់គ្រងសតិក៏មិនបាន ដោយហេតុស្រវឹង។ ម៉ូតូរបស់ខ្ញុំក៏ហោះចេញទៅ ហើយទោះខ្ញុំខំប្រឹងបញ្ឈប់យ៉ាងណាក៏ដោយ ក៏មិនអាចបញ្ឈប់ទាន់ដែរ ព្រោះល្បឿននោះវាលឿនហួសហេតុ លឿនរហូតទាល់តែហោះទៅបុករថយន្តត្រង់សឺណ័រ ដែលកំពុងបើកបរក្នុងទិសដៅផ្ទុយគ្នា។

តាំងពីនោះមកខ្ញុំក៏លែងដឹងអ្វីទាំងអស់ គឺមកដឹងម្តងទៀតនៅពេលចូលមកដល់ក្នុងផ្ទះ ហើយគ្មាននរណាម្នាក់ចាប់អារម្មណ៍នោះឯង។ រហូតមកដល់ពេលនេះទើបខ្ញុំដឹងថាខ្លួនឯងបានស្លាប់ទៅហើយ គឺស្លាប់ទៅជាមួយអនាគតដែលស្រស់ថ្លា តែបន្សល់នូវសេចក្តីឈឺចាប់និងភាពសោកសៅ ទុកឲ្យលោកប៉ាអ្នកម៉ាក់ ញាតិមិត្តបងប្អូន រួមទាំងមាលតី។ ប្រសិនបើពេលវេលាអាចវិលទៅរកអតីតកាលវិញបាន ខ្ញុំនឹងត្រលប់ទៅកសាងខ្លួន ហើយកែប្រែហេតុកាណ៍ពីម្សិលមិញនេះ ឲ្យបានល្អប្រសើរឡើងវិញ។ តែគិតទៅគិតមក វានៅតែមិនអាចទៅរួចដដែល ព្រោះរឿងរ៉ាវដែលបានកើតឡើងនេះ វាគឺជាអតីតកាលនៅក្នុងសច្ចភាពដែលមិនអាចកែប្រែបាន។

នៅទីបំផុតខ្ញុំក៏ត្រូវស៊ូទ្រាំ សម្លឹងមើលរូបកាយរបស់ខ្លួនឯង ដែលត្រូវដុតដោយអណ្តាតភ្លើងដ៏ក្តៅសែនក្តៅ រហូតធ្វើឲ្យខ្ញុំក្តៅរោលរាលពេញខ្លួនប្រាណ។ ខ្ញុំបានត្រឹមតែស្រែកយំ និងស្តាយស្រណោះចំពោះអ្វីៗគ្រប់យ៉ាងដែលកន្លងហួស… ទឹកភ្នែកគ្រប់តំណក់ក៏រមៀលធ្លាក់ឥតឈប់សើមជោគពេញថ្ពាល់។ ទឹកភ្នែកទាំងនោះហាក់ដូចជាហូរចេញមកជាតំណក់ឈាមស្រស់ៗ ដែលធ្វើឲ្យខ្ញុំទទួលអារម្មណ៍ថា ត្រជាក់តាមថ្ពាល់និងបរិវេណក។ ក្នុងពេលនោះឯងខ្ញុំក៏បានឮ សំឡេងអ្នកម៉ាក់ ស្រែកហៅមកថា៖ -វិបុល! វិបុល! ក្រោកឡើង ជូនម៉ាក់ទៅផ្សារបន្តិច។ យី! កូននេះយ៉ាងម៉េចហ្នឹង បានដេកយំយកស្លាប់យករស់យ៉ាងនេះ? ទន្ទឹមនឹងខ្ញុំបើកភ្នែកឡើង ខ្ញុំក៏ដឹងថា ខ្លួនឯងកំពុងដេកនៅលើគ្រែ ដែលមានខ្នើយសើមជោគដោយទឹកភ្នែក៕

ប្រភព៖ អ្នកនិពន្ធវ័យក្មេង-Khmer Copywriter