ជំរាបសួរបងប្អូន
ថ្ងៃនេះ នាងខ្ញុំ សូមចែករំលែក ចំណេះដឹងខ្លះៗ ពីជម្ងឺដ៏កាចសាហាវម្យ៉ាង គឺជម្ងឺ”ខ្ចិល” ដែលមានរោគសញ្ញាទាំង10 ដូចខាងក្រោម៖

1. ក្រោយពេលហូបបាយរួច ត្រូវតែរកកន្លែងគេងមួយស្របក់ ទើបយល់ថាជីវិត មានន័យជ្រៅ ដូចស្រាផែនដី

2. ឧស្សាហ៍យកម្រាមជើង ចុចបិទបើកកង្ហារ រឺយកទៅគាបរើស របស់របរ ដែលជ្រុះធ្លាក់

3. ពេលភ្ញាក់ពីគេង នៅសម្ងំអូសក្រឡា មិនខ្ចីក្រោក ទាល់តែជិតដល់ម៉ោង រឺហួសម៉ោងទៅរៀននិងធ្វើការ ទើបក្រោកដើរមួយៗ ដូចអស់សង្ឃឹមក្នុងជីវិត (តែថ្ងៃឈប់សម្រាក ស្ទុះងើបយ៉ាងលឿន ទាំងព្រលឹមអុល ដោយទឹកមុខ រីកស្គុះស្គាយ)

4. ពេលម៉ាក់ប៉ាប្រើអោយធ្វើអ្វីមួយ ទាល់តែ ពួកគាត់ស្រែក3ដងឡើង ទើបឆ្លើយតប ទាំងសម្លេងខ្សោយៗ មិនហ៊ានបើកមាត់ ខ្លាចធ្លាក់ផ្កាថ្កុលមាស

5. ទៅក្លឹបហាត់ប្រាណ បើអត់មានគ្នា ហាត់ជាមួយទេ ខ្ពើមទៅ សុខចិត្តដេកសុីនៅផ្ទះ អោយធាត់លើសដើម

6. មេរៀនមិនខ្ចីមើល សូម្បីតែជិតដល់ថ្ងៃប្រលង ក៏នៅពន្យារពេល មិនព្រមរំលឹកឡើងវិញ ម្តងថាចាំស្អែក ដល់ស្អែកថាចាំថ្ងៃ ពេលថ្ងៃថាចាំយប់ យប់ឡើងថាងងុយគេង សម្រេចថាចាំពេលទៀបភ្លឺ ចាំក្រោករំលឹក ដល់ពេលទៀបភ្លឺ ដេកដូចត្រូវគេដាក់ថ្នាំសណ្តំ

7. ពេលធ្វើ Assignment បើមិនបានសុំគ្រូ ពន្យារពេល Deadline ម្តងជាពីរដងទេ គឺនៅមិនសុខក្នុងខ្លួន គិតអីក៏មិនចេញ គ្មានគំនិតថាគួរសរសេរអ្វីខ្លះឡើយ

8. មិនចេះអង្គុយកៅអី អានសៀវភៅ អោយបាន5នាទីទេ ទាល់តែយកសៀវភៅមកអាននៅលើពូក សារ៉េកង្ហាររឺម៉ាសុីនត្រជាក់ អោយត្រជាក់ដល់បេះដូង ទើបអានចូល។ អានរហូត ទាល់តែយល់សប្តិ ឃើញ Crush

9. ចូលចិត្ត ប្រើពាក្យថា៖ ចាំតិចទៀត, ទុកហ្នឹងសិនទៅ, ធ្វើអាលូវហើយ, ស្អែកបានអត់?… ប្រើរហូតទាល់តែគេដឹងក្រយ៉ៅ បោកគេលែងបាន

10. ប្រើរបស់អីហើយ គឺមិនចេះយកទៅទុក កន្លែងដើមវិញទេ បើពុកម៉ែមិនស្រែកជេរទេនោះ គឺមិនខ្ចីយកភ្នែកមើលជាដាច់ខាត៕

• ប្រសិនបើបងប្អូន មានទម្លាប់ លើសពី3ចំនុចខាងលើ មានន័យថា បងប្អូនកំពុង ប្រឈមនឹងជម្ងឺខ្ចិល កំរិតធ្ងន់ហើយ។

ជម្ងឺនេះ ក៏អាចបំផ្លាញអនាគតយើង ដូចជាគ្រឿងញៀនដែរ។ ហេតុដូច្នេះ សូមបងប្អូន ព្យាយាមកែទម្លាប់ ទាំងនោះចេញ ជាបន្ទាន់ មុនពេលដែលជម្ងឺនេះ រាលដាលដល់ ប្រព័ន្ធប្រសាទ ហើយធ្វើអោយបងប្អូន ក្លាយជាជ្រូកកំជិលផេះ

ប្រភព៖ Sandra Romdoul